ផ្លូវបេតុង៩ខ្សែប្រវែង៦៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ

ពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវបេតុង ផ្លូវ៩ខ្សែនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទល់មុខសាលាឃុំល្បាំង១ ស្រុកលំផាត់ ព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និង លោកអគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ។

លោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី បានលើកឡើងថា ដោយមើលឃើញពីសក្តានុពលនិងភូមិសាស្ត្រ ស្រុកលំផាត និង ស្រុកកូនមុំ នៃខេត្តរតនៈគិរី ជាតំបន់ទេសចរណ៍ និង ជាប់ក្រុងបានលុងផងដែរ ដែលមានសភាព ក្រឡុក និងខូចខាតជាច្រើនមិនទាន់សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើប្រាស់មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ទើបមានការស្នើសុំអាជ្ញាធរ ស្រុក និងខេត្ត ដើម្បី សាងសង់ផ្លូវខាងលើ កែប្រែប្រែ ពីផ្លូវដីក្រហម ទៅជាផ្លូវបេតុង ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងស្រុក លំផាត់ និងស្រុកកូនមុំ ក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី បានឯកភាពតាមការស្នើសុំ ដោយប្រើថវិការរបស់ក្រុមហ៊ុនផ្ទាល់ ដែលបានគៀរគរមកពីក្រៅប្រទេសដើម្បីសាងសង់ផ្លូវថ្នល់បេតុងចំនួន៩ខ្សែ ប្រវែង៦៦គ.ម ទទឹង៦ម៉ែត្រ កម្រាស់០២តឹក ស្ថិតក្នុងឃុំល្បាំង១ ឃុំល្បាំង២ ឃុំជ័យឧត្តម ឃុំកាលែង និងឃុំសេដានៃស្រុកលំផាត់ និងឃុំត្រពាំងច្រេស នៃស្រុកកូនមុំ ខេត្តរតនគិរី ដែលត្រូវបានទទួលការអនុញ្ញាតពីរដ្ឋបាលខេត្តរតនគិរី ក្នុងការចុះសិក្សាសាងសង់ និងអនុវត្តគម្រោងសាងសង់ផ្លូវដោយក្រុមហ៊ុន ប៊ី អេច អេច អ៊ិនវេសម៉ិន ខូអិលធីឌី តំណាងដោយ លោក វង្ស សេរីរតនា អគ្គនាយកក្រុមហ៊ុន ។

ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមប្រមាណ២៥០នាក់នាឱកាសនេះ ឯកឧត្តម
ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងអំរគុណចំពោះក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ដែលបានយក​ចិត្តទុកដាក់សម្របសម្រួល កៀគរថវិកាពីដៃគូរនានា ដើម្បីយកមកសាងសង់ផ្លូវ នៅ​ក្នុងភូមិសាស្ត្រខេត្តរតនគិរីដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តបានបន្តថា នាពេលកន្លងមកនេះខេត្តរតនគិរី មានការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគន៍​ជាច្រើន ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ឬ ថវិការបស់ក្រសួង​ពាក់ព័ន្ធនានាដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម ​​ដែលបានតភ្ជាប់​ពីបណ្តាញផ្លូវជាតិទៅគ្រប់មូលដ្ឋាន ប៉ុន្តែក៏នូវមានផ្លូវជាច្រើនខ្សែរទៀតដែលមិនទាន់​សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើប្រាស់មិនត្រឹមត្រូវ​តាម​លក្ខណៈបច្ចេកទេស។