អភិបាលរងស្រុកទំនើង សុខសុវណ្ណារិទ្ធស្រវឹងស្រា ដកកាំភ្លើងខ្លីភ្ជង់គេឯងផ្អើលពេញស្រុកអូររាំង…!

ខេត្តមណ្ឌលគិរី :លោកសុខសុវណ្ណារិទ្ធ កាលពីយប់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ2024 វេលាម៉ោង 11:00នាទី បានយកកាំភ្លើងខ្លី ភ្ជង់គេឯងធ្វើឱ្យផ្អើលទាំងយប់ ។

ឆ្នាំ2024 ហើយអស់លោកអើយ តើដល់ពេលណាទៀតទើប មុជទឹក ដុះក្អែល រួចឆ្លុះកញ្ចក់ គួធ្វើជាមន្ត្រីល្អ សម្រាប់ឲ្យប្រជាពលរដ្ឋគោរពស្រលាញ់ខ្លះទៅទាន…

តាមសាក្សីជាច្រើននាក់ ដែលបានឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា: កាលពីវេលាម៉ោង 11:00 នាទី យប់ថ្ងៃទី 15 ខែកុម្ភៈឆ្នាំ 2024 នៅត្រង់ចំណុច ខាងមុខសាលាឃុំ សែនមនោរម្យ ស្ថិតនៅលើផ្លូវជាតិលេខ 76 មានករណី អភិបាលរងស្រុកទំនើងម្នាក់ឈ្មោះ សុខសុវណ្ណារិទ្ធ ដែលមានតួនាទីជា ប្រធានលេខាធិការដ្ឋានបង្ក្រាបបទល្មើស ខណៈពេលអំឡុង  ចុះធ្វើការតាមដងផ្លូវ តែម្នាក់ឯង សង្ស័យស្រវឹងស្រាខ្លាំង ទើបលែងស្គាល់ខុស ស្គាល់ត្រូវ  លែងស្គាល់មិត្ត មិនដឹងសត្រូវ រហូតឈានដល់យកកាំភ្លើងខ្លី គំរាមបាញ់មេបញ្ជាការយោធាស្រុក និងមេប៉ូលិសស្រុក ធ្វើឲ្យផ្អើលអស់មនុស្សម្នាក្នុងស្រុក ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទាំងកណ្ដាលយប់។

ប្រភពបានបន្តទៀតថា: លោកខាត់សាក់ ដែលមានតួនាទីជាមេបញ្ជាការយោធាស្រុកអូររាំង ដែលត្រូវ លោកសុខសុវណ្ណារិទ្ធ បើកឡានដេញពីក្រោយ ហើយបញ្ជាឲ្យឈប់ហ្នឹងបានដកកាំភ្លើងខ្លីភ្ជង់ មិនតែប៉ុណ្ណោះ ថែមទាំងប្រើពាក្យសម្ដីជេរប្រមាថមាក់ងាយធ្ងន់ៗ ទៅលើរូបលោកយ៉ាងធ្ងន់ធ្ងរផងដែរ ។

ចំណែកលោកអធិការនគរបាលស្រុកអូររាំង ក៏ត្រូវលោកសុខសុវណ្ណារិទ្ធ យកកាំភ្លើងភ្ជង់ ខណៈពេលដែលលោកអធិការរូបនេះ ចុះមកសម្របសម្រួល កុំឲ្យកើតមានអំពើហិង្សា…

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោកសៀកម្នី អភិបាល នៃគណៈអភិបាល និងជាគណៈបញ្ជាការឯកភាពស្រុកអូររាំង កាលពីថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2024  តាមរយៈលេខទូរសព្ទ: 097 81 26 576  ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើ ក្រុមការងារយើងមិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទរបស់លោក ខលចូលជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួល

លោកស៑នសារុន អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ សាលាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី 18 ខែកុម្ភៈឆ្នាំ 2024 បានប្រាប់មកអង្គភាពសារព័ត៌មានយើងតាមប្រព័ន្ធទូរសព្ទថា: ករណីលោកសុខសុវណ្ណារិទ្ធ ដែលប្រើប្រាស់អាវុធ ភ្ជង់គេភ្ជង់ឯង ដូចតាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានខាងលើនេះ លោកពុំទាន់បានដឹងនោះទេ ។ លោកសុខសុវណ្ណារិទ្ធ ដែលប្រជាពលរដ្ឋបានដាក់រហ័សនាមឲ្យថា: ជាអភិបាលរងស្រុកទំនើងនោះ  កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2024 បានឲ្យដឹងថា: ជាការយល់ច្រឡំ តាមពិតពុំមានការបំផ្ទុះអាវុធ ឬក៏ភ្ជង់ស្អីទេ ព្រោះសុទ្ធតែគ្នាឯងដោយខាងខ្ញុំមានកាំភ្លើង ហើយម្ខាងទៀតក៏មានកាំភ្លើង ខាងប៉ូលីស គេសុំដកយកទៅ រក្សាទុកបណ្ដោះអាសន្នសិនហើយរឿងនេះក៏បានសម្របសម្រួលគ្នាបញ្ចប់អស់ហើយដែរ…
ដោយឡែកប្រភពព័ត៌មានចុងក្រោយមួយទៀត ចេញពីអធិការនគរបាលស្រុកអូររាំង បានឱ្យដឹងថា: ខាងអធិការស្រុកបានអញ្ជើញលោកអភិបាលរងរូបនេះមកបំភ្លឺ ករណីប្រើប្រាស់អាវុធ ប៉ុន្តែអភិបាលរង ជើងខ្លាំងម្នាក់នេះមិនព្រមមកតាមការអញ្ជើញនោះទេ មិនតែប៉ុណ្ណោះថែមទាំងប្រើពាក្យសម្ដីយ៉ាងក្អឺត ក្រទមថា: ឲ្យអធិការត្រូវតែយកអាវុធមកសងគាត់វិញ បើពុំដូច្នោះទេគាត់នឹងប្ដឹងទៅក្រសួងមហាផ្ទៃហើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា:  កន្លងមកប្រហែល មួយឆ្នាំ កន្លះជាងមកនេះ លោកសុខសុវណ្ណារិទ្ធអភិបាលរងស្រុករូបនេះតែងតែយកអាវុធខ្លីមួយដើមនោះ ហើយអាម៉េភ្ជង់គេឯងជាច្រើនលើក មកហើយដែរ….

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក អូររាំង ទាំងមូលក្រោយពីឃើញហេតុការណ៍ដ៏សែនអាក្រក់ទាំងអស់នេះ កើតមានការភ័យខ្លាចជាខ្លាំង ។ សំណួរពីប្រជាពលរដ្ឋបានចោទសួរថា: តើលោកសុខសុវណ្ណារិទ្អអភិបាលរងស្រុកទំនើងម្នាក់នេះ មានច្បាប់កាន់អាវុធដែរឬទេ ? បានជាហ៊ានយកកាំភ្លើង ដើរភ្ជង់គេ ភ្ជង់ឯង ពុំខ្លាចញញើតនិងច្បាប់អីបន្តិចសោះអញ្ចឹងនោះ តើឯណាទៅដែលហៅថា: ភូមិឃុំមានសុវត្ថិភាព  ?


តើលោកសុខសុវណ្ណារិទ្ធ យកតួនាទីមកបម្រើប្រជាពលរដ្ឋរ ឬក៏យកតួនាទីរបស់ខ្លួនមកបំភិតបំភ័យដល់ប្រជាពលរដ្ឋ ?

ពួកគាត់បានសំណូមពរទៅក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលឡើងវិញទៅលើបុគ្គលឈ្មោះសុខសុវណ្ណារិទ្ធ ដែលយកតួនាទី ស៊ីប្រាក់ខែរាស្ត្រ ប៉ុន្តែមិនបម្រើប្រជាពលរដ្ឋ ផ្ទុយទៅវិញបែរជាធ្វើឲ្យប្រជាពលរដ្ឋពួកយើងខ្ញុំមានការភិតភ័យគ្រប់ពេលវេលាទៅវិញ៕