
ខេត្តរតនគិរី÷យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាព ទៅលើការកសាងធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា
ការលើកឡើងរបស់ ឯកឧត្តម ខ័ណ្ឌ ចំណានអភិបាលរងខេត្រតនគិរី ធ្វើឡើងនៅក្នុងឱកាស ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីរអប់រំយុវជន និងកីឡា នៃរដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមបន្តថាយុទ្ធសាស្រ្តរាជារដ្ឋាភិបាលដែលបានដាក់ចេញនេះ គឺ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ កម្មវិធីកំណែទម្រង់ស៊ីជម្រៅ ក្នុងបរិបទនៃទំនើបកម្ម ក្នុងវិស័យបច្ចេកវិទ្យា ដោយឈរលើមូលដ្ឋាននៃ ចំណេះដឹងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាជន ឆ្ពោះទៅរកការកសាងសង្គមកម្ពុជាសម្រេចបានឋានៈជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមកបានចាត់ទុកសន្និបាត បូកសរុប ការងារអប់រំ យុវជន និងកីឡា នាថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាឱកាសសម្រាប់ឱ្យមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធសំខាន់ៗនៅថ្នាក់មូលដ្ឋានសាលារៀនបានមកជួបជុំគ្នា ប្រមូលនូវបញ្ញាញាណ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ក្នុងគោលបំណងដោះស្រាយបញ្ហា និងរិះរកវិធានការបន្ត សម្រាប់កំណត់ទិសដៅ ឱ្យបានត្រឹមត្រូវសម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាបន្ត។ និងសូម កោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ពេលមួយឆ្នាំកន្លងទៅប្រកបដោយភាពជោគជ័យ ។
នៅក្នុងឱកាសនេះ ឯកឧត្តម អភិបាលរងខេត្ត បានអញ្ជើញ ប្រគល់ជូនលិខិតសរសើរ និងលិខិតថ្លែង
អំណរគុណជូនបុគ្គលិកអប់រំ ដែលបានទទួលជ័យលាភីជាគ្រូបង្រៀនល្អ នាយកសាលារៀនល្អ សាលារៀនស្អាត ។