កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តរតនគិរី

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគាBសាលាខេត្តរតនគិរី នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី ជាហិរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុក នាយក និង មន្ត្រីក្រុមប្រតិបត្តិជាច្រើនរូបទៀត។

កិច្ចប្រជុំមានរបៀបវារៈសំខាន់មួយចំនួនរួមមាន៖
– បទបង្ហាញ របាយការណ៍ បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុ រយៈ ពេល១២ខែ ឆ្នាំ ២០២៤ ដោយនាយកសាខា។
– ឆ្លង និង អនុម័តផែនការសកម្មភាព និង ថវិកា ២០២៥។
– ការបូកសរុប និង បិទកិច្ចប្រជុំ ដោយ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈ កម្មាធិការសាខា។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា រួមទាំងមន្ត្រីក្រុមប្រតិបត្តិ មន្ត្រីប្រចាំការ តាមអនុសាខាក្រុង ស្រុក ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា អនុសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជារួមមាន ៖១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌និងវប្បធម៌អហិង្សា និង ៤-ការអភិវឌ្ឍស្ថាប័នរយៈពេលពេញ១ឆ្នាំ២០២៤កន្លងទៅ ក្នុងស្ថានភាពដែលកម្ពុជារក្សាបានរឹងមាំនូវសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្តាប់សាធារណៈនិងសុវត្ថិភាពសង្គម បានបង្កលក្ខណៈអនុគ្រោះអោយសាខាអនុសាខាម្ចាស់ការ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព។
ពិសេសការជំរុញសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ -ការអប់រំទប់ស្កាត់ឆ្ពោះទៅបញ្ចប់ជម្ងឺអេដស៍- ការអប់រំផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក- ការបណ្តុះបណ្តាលជាមូលដ្ឋាន និង វិជ្ជាសង្រ្គោះបឋម ដល់យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម – ការអភិវឌ្ឍន៍ស្ថាប័ន – ការផ្តល់ជំនួយសង្រ្គោះផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះនិងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” កាកបាទក្រហមកម្ពុជា
មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តម ញ៉ែម សំអឿន បានក្រើនរំលឹក និងជម្រុញ អំពីការងារមួយចំនួនសម្រាប់អនុវត្តបន្ត ពិសេស ត្រូវត្រៀមគ្រប់លក្ខណៈ ទាំងកម្លាំង មធ្យោបាយ ស្បៀង សម្ភារៈ ទាំង ថវិកា សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗបានភ្លាមៗទាន់ពេលវេលា ហើយត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំង បណ្តាញនៅមូលដ្ឋានឲ្យកាន់តែរឹងមាំដើម្បីចូលរួមកសាងភាពធន់នឹងភាពរីកចម្រើននៅសហគមន៍-បន្តសហការចុះអប់រំផ្សព្វផ្សាយអំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ៗ រួមជាមួយ ការខិតខំ ជំរុញការបណ្ដុះ
បណ្ដាលជាមូលដ្ឋាន ការពង្រឹងសមត្ថភាព ជូនមន្ត្រី យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តន៍វិស័យអាទិភាពទាំង ៤ តាម យុទ្ធសាស្ត្រ ២០២១- ២០៣០ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ទាំងថ្នាក់សាខា និង អនុសាខា រួមជាមួយការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាព៕