
ឯកឧត្តម ញ៉ែម សំអឿន៖ អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៤
អភិបាលខេត្តរតនគិរី បានធ្វើការផ្តាំផ្ញើដល់អស់លោក លោកស្រីដែលត្រូវបានតែងតាំងប្រកាសចូលកាន់មុខតំណែងថ្មី ជានាយក នាយរងរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងប្រធានការិយាល័យគ្រប់គ្រងបុគ្គលិកនាថ្ងៃនេះ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលសាលាខេត្តគ្រប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៤រួមមាន៖
១. ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឲ្យបានល្អនៅក្នុងអង្គភាពសាលាខេត្ត ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការ
ងារ និងធានានិរន្តភាពការងាររបស់ខ្លួន ឲ្យកាន់តែមានភាពល្អប្រសើរក្នុងការជួយការងាររដ្ឋបាល និងការងារដឹកនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ។
២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជា ពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ។ មន្ត្រីរាជការត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រូវមានសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែ ងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាពសម្រាប់ខេត្តរតនគិរី។
៣.ត្រូវយកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនា សម្ព័ន្ធសាលាខេត្ត ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តឡើងវិញនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការគ្រប់ទីចាត់ការ អង្គភាព ចាប់ពីនាយករដ្ឋបាលរហូត
ដល់មន្ត្រីស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាង ណាឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ។
៤.ត្រូវស្លៀកពាក់ឯកសណ្ឋានមន្ត្រីរាជការស៊ីវិលអោយបានសមរម្យដើម្បីធ្វើជាគម្រូល្អដល់មន្ត្រី ថ្នាក់ក្រោមអង្គភាព និងត្រូវចូលរួមសហការគ្នាសម្អាត អនាម័យបរិស្ថានក្នុង និងក្រៅសាលាខេត្តអោយបានស្អាត។
ការផ្តាំផ្ញើនេះ របស់ឯកឧត្តម ញ៉ែម សំអឿន យ៉ាងដូច្នេះ គឺក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិប
តី ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការសាលាខេត្តដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ។
ឯកឧត្តម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជារាជរដ្ឋាភិបាលបន្តវេនក្រោម
ការដឹកនាំដ៏ប៉ិនប្រសព្វ វាងវៃ ទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ
មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ជារបៀបវារៈនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច របស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។ យុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយមាន បាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យមានការរីក ចម្រើនសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឋានៈរបស់ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យម កម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ ២០៥០ ។
សូមបញ្ជាក់ថា យោងតាមប្រកាសស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងមហាផ្ទៃ សម្រេចតែងតាំងលោក មុឹង សុីនាថ ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ១ ជា នាយករដ្ឋបាលសាលាខេត្តរតនគិរី។ យោងដីកាស្តីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ របស់រដ្ឋបាលខេត្តរតនគិរី សម្រេចតែងតាំងមន្ត្រីរាជការ ចំនួន ០២រូប ចំណុះរចនាសម្ព័ន្ធសាលាខេត្តរតនគិរី ដូចខាងក្រោម៖
១.លោក មួង មករា ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់ មុខតំណែងជានាយករងរដ្ឋបាលសាលា
ខេត្ត ។
២.លោក វ៉ាន់ ជាលី ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ១ ឱ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ និងប្រគល់ភារកិច្ចជូនលោក ឈាង សុភ័ក្ត្រ ក្របខណ្ឌលេខាធិការ រដ្ឋបាល ក្រសួង
មហាផ្ទៃ ថ្នាក់លេខ៥ ឱ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ចំណុះ រចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តរតនគិរី៕