ខេត្តរតនគិរី: អាជ្ញាធរក្នុងស្រុកអណ្តូងមាស បើកដៃឲ្យក្រុមឈ្មួញសម្រុកចូលអារជ្រៀកឈើប្រណិតល្អៗក្នុងព្រៃសហគមន៍ធ្វើអាជីវកម្មដោយពុំស្របច្បាប់ ! 

ខេត្តរតនគិរី: អាជ្ញាធរមូលដ្ឋានភូមិចងរដ្ឋបាល ឃុំញ៉ាង ស្រុកអណ្តូងមាស កាលពីថ្ងៃទី២១.២២ ខែមិថុនាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានអនុញ្ញាតិ ព្រមព្រៀងចុះហត្ថលេខាលើលិខិតសំណើរអារឈើចេញពីព្រៃសហគមន៍កំពុងរងការរិចរិលស្រាប់ ។  ផ្អែកលើលិខិតអនុញ្ញាតិមួយច្បាប់ពីអាជ្ញាធរមូលដ្ឋានត្រឹមភូមិឃុំដែលមានសាច់ឈើសរុបរហូតដល់  186512,5ម៉ែត្រគូប ឯណោះ ។  ធ្វើអោយមជ្ឈដ្ឋាននានាផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងនិងចោទជាសំណួរថា  ហេតុអ្វី ត្រឹមឋានះរដ្ឋបាលភូមិឃុំថ្លើមធំហានសម្រេចចុះហត្ថលេខាអោយគេចូលអារជ្រៀកយកឈើក្នុងព្រៃសហគមន៍តាមអំពើចិត្តនិងច្រើនសន្ឋឹកសន្ឋាប់បែបនេះ?

ជាក់ស្តែងយោងតាមលិខិត១ច្បាប់ របស់ឈ្មោះ ស៊ុន ណាត ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចារ៉ាយ សញ្ជតិខ្មែរមានទីលំនៅភូមិចង ឃុំញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី។ ក្នុងលិខិតនោះដោយមានការឯកភាពព្រមព្រៀងចុះហត្ថលេខាពីលោករចំ ហ្យូល មេភូមិចង និងលោក រម៉ាម ហុិន មេឃុំញ៉ាងផ្ទាល់តែម្តងនៅថ្ងៃទី21.22 ខែមិថុនាឆ្នាំ2024ជាដើម។  សកម្មភាពអារជ្រៀកដោយម៉ាសុីនង៉ោងខ្ទ័រពេញព្រៃសហគមន៍ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ជីវះចម្រុះ  ខេត្តរតនគិរី រហូតដល់ថ្ងៃទី29 ខែកក្កដា ឆ្នាំ2024 ។

គួរបញ្ចាក់ថា: ជាងមួយខែទៅហើយនៅពុំទាន់ឃើញក្រុមនេះបញ្ឈប់នូវសកម្មភាពអារជ្រៀកយកឈើល្អៗនិងដឹកជញ្ជូនចេញជាបន្តបន្ទាប់នោះនៅឡើយនោះទេ ។  គេសង្កេតឃើញក្រុមឈ្មួញទាំងនោះទៅតាំងជម្រកប្រក់តង់ជារោងលក្ខណះទ្រុងទ្រាយធំ មានផ្ទាំងសូឡាប្រើថែមទៀត នាំគ្នា ដេកសម្ងំអារឈើយ៉ាងរំភើយ គឺ អារយកឈើគ្រឿងផ្ទះក្តារស្រឡៅនិងអារយកឈើក្លុំ ប្រភេទឈើសុក្រំ កូនក្រឡឹងជាដើម។ល។ ដឹកជញ្ជូនចេញជាហូរហែរ បែរជាកម្លាំងសមត្ថកិច្ចបរិស្ថាន ហៅថាដែនឧទ្យានជាតិវិរះជ័យនិងជីវះចម្រុះ គ្រប់គ្រងព្រៃសហគមន៍ភូមិចង នាំគ្នាសម្ងំស្ងៀមស្ងាត់ ទៅវិញ។

ពាក់ព័ន្ឋពីបទល្មើសខាងលើ លោក ស៊ុនណាត ម្ចាស់លិខិតស្នើសុំយកឈើធ្វើផ្ទះជាងដប់ម៉ែត្រគូប បានអោយលោកមុីឌិនដឹងថា លោក អារតែក្តារប៉ុន្មានសន្លឹកបាំងខ្ទមចំការខាងក្រោយនិងឈើគ្រឿង5×15 ប៉ុណ្ណោះរឿងផ្សេងទៀតលោកអត់ដឹងទេ។

រដ្ឋបាលឃុំញ៉ាង លោក រម៉ាមហុិន នៅព្រឹកថ្ងៃទី៣០កក្កដាបានអោយលោក លី វណ្ណ: ដឹងថា លោកមិនបានអនុញ្ញាតិអោយបុគ្គលខាងលើនេះធ្វើតាមអំពើចិត្តខុសពីគោលការណ៍ស្នើសុំនោះបានទេ ។ 

រីឯ លោក ថង សុខុន  ប្រធានការិយាល័យគ្រប់គ្រងដែនឧទ្យានជាតិវិរះជ័យនិងជីវះចម្រុះ បានឲ្យលោកមុីឌិនដឹងតាមទូរស័ព្ទថា  លោកពិតជាអត់ដឹងសោះ សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ភូមិចងនោះ ចាំលោកអោយកូនចៅចុះទៅត្រួតពិនិត្យមើល ។


តែទោះជាយ៉ាងណា? ប្រជាពលរដ្ឋពេញស្រុកអណ្តូងមាសកំពុងទន្ទឹងរងចាំមើលចំណាត់ការរបស់គណ:បញ្ជាការឯកភាពស្រុកអណ្តូងមាស ដែលមានលោកមាសសារ៉េតជាប្រធាននិងមានវិធានការផ្លូវច្បាប់ប្រើដាវអាជ្ញាសឹកបែបណា? ទៅលើក្រុមឈ្មួញដែលកំពុងធ្វើសកម្មភាពបទល្មើសជាក់ស្តែង ជាការបំផ្លិចបំផ្លាញធនធានធម្មជាតិដែលនៅសេសសល់ក្នុងព្រៃសហគមន៍ភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី  ជាមូលដ្ឋានរបស់លោកគ្រប់គ្រងស្រាប់នោះ៕