ខេត្តមណ្ឌលគិរី៖ រថយន្តឡង់គ្រីស័រពណ៌ខ្មៅ១គ្រឿង និងឈេី១២កំណាត់ ត្រូវបានបង្ក្រាបនៅស្រុកកែវសីម៉ា

មណ្ឌលគិរី៖ រថយន្តឡង់គ្រីស័រពណ៌ខ្មៅ១គ្រឿង និងឈេី១២កំណាត់ ត្រូវបានបង្ក្រាបនៅស្រុកកែវសីម៉ា ខណៈដែលនៅស្រុកពេជ្រាដា សមត្ថកិច្ចជំនាញក៏ចុះដោះអន្ទាក់ខ្សែគោ ចំនួន ១១២ ខ្សែផងដែរ ទាំងករណីខាងលេីនេះ ត្រូវបានមន្ត្រីជំនាញបង្ក្រាបរួមថ្ងៃតែមួយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចុះល្បាតទប់ស្កាត់ នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចផ្លូវទៅពូគង់ ត្រង់និយាមកាលេខ 697154,1359970 ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី បានប្រទះឃើញឈើឈ្លីក ឡាំងជ្រុងៗ ចំនួន១១កំណាត់ និងឈើសុក្រំ ចំនួន០១កំណាត់ (បច្ចុប្បន្នមិនទាន់វាស់វេង)រួមនឹងរថយន្ត ម៉ាកឡង់គ្រីស័រ កែច្នៃចំនួន០១គ្រឿង ពណ៌ខ្មៅ (គ្មានស្លាកលេខ)វត្ថុតាងខាងលើ ត្រូវបានក្រុមការងារ បានយកមករក្សាទុកនៅស្នាក់ការរងពូគង់ ដើម្បីចាត់ការតាមនិតិវីធីច្បាប់។

ពត៌មានដាច់ដោយឡែកមួយទៀត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ដូចគ្នា មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ក៏បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិត្រង់ចំណុច និយាមកា 772737, 1407925 ស្ថិតនៅក្នុងភូមិ ឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានដោះអន្ទាក់ខ្សែគោ ចំនួន ១១២ ខ្សែ និង រុះរើជំរុំបរបាញ់ចំនួនមួយកន្លែងផងដែរ៕