ចាក់ដីលុបអូរធម្មជាតិ ធ្វើរបងហុំព័ទ្ធយកដីផ្លូវ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែចៅហ្វាយក្រុងសែនមនោរម្យ លោក ហៀកសុផាន ឆ្លើយថា អត់ដឹង !

ខេត្តមណ្ឌលគិរី÷ករណីលោក យូរចន្ទី អតីតប្រធានក្រុមប្រឹក្សាស្រុកកោះញែក ដែលបានចាក់ដីលុបអូរធម្មជាតិរបស់រដ្ឋ  និងលោក ហៀកសុផាត ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ដែលត្រូវជាបងបង្កើតរបស់លោក  ហៀក សុផាន អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ បានធ្វើរបងហុំព័ទ្ធ យកដីផ្លូវរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅ ចំណុច ភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគីរី ។

ពាក់ព័ន្ធទៅនឹងករណីកន្ទេលធំបន្លំដេក មន្ត្រីបក្សពួកនិយម គ្រួសារនិយម ទាំងអស់ខាងលើនេះមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ជំនាញពាក់ព័ន្ធហាក់បីដូចមើលមិនឃើញត្រចៀក ថ្លង់ ស្ដាប់មិនលឺ ទើបមិនមានចំណាត់ការទប់ស្កាត់រហូតធ្វើបានសម្រេចយ៉ាងរលូនដូច្នេះ។

លោកហៀកសុផាន ចៅហ្វាយក្រុងសែនមនោរម្យ បានប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងកាលពីថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2024 តាមប្រព័ន្ធទូរសព្ទថា លោកមិនបានដឹងនោះទេ ។

ទោះបីជាយ៉ាងនេះក៏ដោយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសែនមនោរម្យបានសំណូមពរទៅសមត្ថកិច្ចអាជ្ញាធរ និងជំនាញពាក់ព័ន្ធ សុំឱ្យចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង និង មានចំណាត់ការ សម្រួលឡើងវិញ ជូនដល់ពលរដ្ឋយើងផងទាន!!!…បើនៅតែទុករបែបនេះ ហើយនៅតែបណ្ដែតបណ្ដោយ ឲ្យកើតមាន ដូចករណីខាងលើនេះបន្តទៀត ដោយមិនមានចំណាត់ការនោះទេ  ប្រាកដជា មានអ្នកក្រោយៗ ទៀត ធ្វើត្រាប់តាម ជាបន្តបន្ទាប់ ជាក់ជាមិនខានឡើយ ។