កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចុះបង្ក្រាបបទល្មើស ជីកកកាយ រ៉ែត្បូងធម្មជាតិខុសច្បាប់

ខេត្តរតនគិរី÷ ដោយមានការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី សួន សារ៉ាវុធ ស្នងការរង ទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច កាលពីថ្ងៃទី 06 ខែមិថុនា ឆ្នាំ2024 លោកស៊ូ ហុង បានដឹកនាំកម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសរុបចំនួន 5 នាក់បានចុះទៅដល់ទីតាំងមួយកន្លែង ដែលស្ថិតនៅភូមិចងរ៉ា ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: ពេលដែលកម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការនគរបាលខេត្តចុះទៅជិតដល់ ទីតាំងដែលកំពុងតែប្រព្រឹត្ត ការជីកលុង រុករករ៉ែត្បូងធម្មជាតិខុសច្បាប់នោះ ពួកកម្មករ ដែលយកជីវិតទៅស៊ីឈ្នួល ផ្សងនិងគ្រោះថ្នាក់ បាននាំគ្នារត់គេចខ្លួន បាទជើង ស ព្រាត ពេញក្នុងចំការ ។
លោកស៊ូ ហុង ដែលបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់ទីនោះបានឲ្យអ្នកសារព័ត៌មានយើងដឹងថា: កាលពីថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2024 ក្រុមការងារខ្ញុំបានចុះទៅដល់ទីតាំងដែលកំពុងតែជីករុករករ៉ែត្បូងធម្មជាតិខុសច្បាប់ ប៉ុន្តែមិនបានចាប់បង្ក្រាបនោះទេព្រោះអីពួកគាត់គ្រាន់តែឃើញកម្លាំងយើងក៏នាំគ្នារត់បាត់អស់…. លោកបានបន្តទៀតថា: ពួកគាត់បានជីកលុងនៅតាមរណ្ដៅដីចាស់ៗពីមុនមកតែប៉ុណ្ណោះទេ។

គួររំលឹកផងដែរថា: ករណី លួចជីក លុង រុករករ៉ែត្បូងធម្មជាតិខុសច្បាប់ទាំងអស់នេះ កន្លងមក ក៏ធ្លាប់កើតមានករណីបាក់ដី ស្រុតដី ធ្វើឱ្យអ្នកជីកត្បូង ស្លាប់បាត់បង់ជីវិត ក៏មិនតិចអ្នកនោះដែរ អញ្ចឹងហើយបានជាសមត្ថកិច្ចយើង តែងតែចុះទៅដេញទៅធ្វើការ អប់រំណែនាំ មិនឲ្យប្រកបមុខរបរ ដ៏គ្រោះថ្នាក់នេះទៀតនោះទេ បើចង់ប្រកបការងារនេះត្រូវមានច្បាប់ទម្លាប់ ឲ្យបានត្រឹមត្រូវដើម្បីឲ្យជំនាញ គេចុះមកបង្ហាត់បង្រៀន បច្ចេកទេស ក្នុងការជីករុករក ដើម្បី បញ្ជៀសអោយផុតពីគ្រោះហានិភ័យផ្សេងៗ។


ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរី បានសាទរ និងលើកសរសើរ ពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល យើងដែលតែងតែយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីកន្លងមក ។ ជាមួយគ្នានោះដែរក៏បានសំណូមពរទៅមន្ទីរជំនាញរ៉ែ មេត្តាពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៀត ទៅលើបទល្មើស ការរុករករ៉ែត្បូងធម្មជាតិខុសច្បាប់ ក្នុងខេត្តរតនគិរីទាំងមូលផងដែរ។