
ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញចុះសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញសំណេះ សំណាលជាមួយមន្រ្តីរាជការមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី
ពិធីជួបសំណេះសំណាលនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី០៣ខែ មេសា ២០២៤ ដោយមានការអញ្ជើញចូល
រួមពីសំណាក់ ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទី ឯកឧត្តម ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី
ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត ផងដែរ។
បន្ទាប់ពី លោក សាយ សាមានប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ធ្វើរបាយការពីវឌ្ឍនភាពការងាររបស់មន្ទីរ និង ឯកឧត្តម ងិន ណែល អភិបាលខេត្តស្តីទីមានប្រសាសន៍ស្វាគមន៍រួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ដើម្បីជាការឆ្លើយតបទៅនឹងចក្ខុវិស័យ មាគ៌ានយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ ក្រសួងក៏បានដាក់ចេញនូវយន្តការគាំទ្រផែនការអាទិភាពចម្បងចំនួន ០៤ រួមមាន៖ (១)ការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួង និង អភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងនឹង ដាក់ចេញនូវយន្តការគន្លឹះក្នុងពេល ខាងមុខនេះ (២) ការធ្វើពិពិធកម្មនៃប្រភពធនធានថវិកា និង ការអនុវត្តកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយពង្រីកការគ្រប់គ្រង និងប្រសិទ្ធភាពនៃការ ប្រើប្រាស់ថវិកា (៣) ការពង្រឹងការងារនីតិកម្ម និងកសាងបទដ្ឋានបច្ចេកទេស និង (៤) ការពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថល ក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវារដ្ឋបាលសាធារណៈ។ ជាមួយគ្នានេះ ក្រសួងក៏បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំ “ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់សេវា និងការ ប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល”។ ជារួម ក្រសួងនឹងផ្តោតទៅលើការលើកកម្ពស់ទាំងផ្នែក ទន់ និងផ្នែករឹង ដែលគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី បន្តខិតខំប្រឹងប្រែងបំពេញការងារ ដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែម នៅក្នុងអាណត្តិទី៧នេះ។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញបំពាក់បំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារជូនថ្នាក់ដឹកនាំ មន្រ្តីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនចំនួន២៨រូប រួមមាន៖ គ្រឿងឥស្សរិយយសថ្នាក់ធិបឌិន
ចំនួន២រូប,ថ្នាក់សេនា១រូប,ថ្នាក់អស្សឬរិទ្ធ៣រូប,មេដាយមាសការងារ១០រូប,មេដាយប្រាក់ការងារ៣រូប និងមេដាយសំរឹទ្ធិ៩រូប ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវ សម្ភារ-បរិក្ខារសុវត្ថិភាពប្រើប្រាស់នៅការដ្ឋាន មួកសុវត្ថិភាពចរាចរណ៍ ១០០មួក ស្ទីកគឺរចំណាំងផ្លាត ៥ ០០០សន្លឹក និងកៅស៊ូត្រជាក់ Cold Mix សម្រាប់ជួសជុលសំបុកមាន់ចំនួន ២០០បាវ ប្រគល់ជូនឱ្យមន្ទីរសម្រាប់ប្រើប្រាស់លើការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងបានឧបត្ថម្ភថវិកាជូនដល់ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕